កំពង់ធំ ៖ ប្រភពពីក្រុមឈ្មួញ ដឹកទំនិញឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត លើផ្លូវជាតិលេខ៦ បញ្ជាក់ប្រាប់ភ្នាក់ងារសារព័ត៌មានយើងដឹងថា សព្វថ្ងៃនេះប្រធានជញ្ជីងកំពុងសប្បាយចិត្ត ប្រមូលលុយចែកគ្នា ធ្វើមានធ្វើបាន យ៉ាងសុខស្រួលទោះរថយន្តធំៗផ្ទុកលើសទម្ងន់នៅតែអាចធ្វើសកម្មភាព ទាំងយប់ទាំងថ្ងៃ ចំណែក លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណៈការនិងដឹកជញ្ជូនបែរជាធ្វើមិនដឹងមិនឮអ្វីទាំងអស់។
ឈ្មួញធំៗ និងអាជីវករដែលដឹកជញ្ជូនទំនិញក៏ដូចជាកសិកម្មឆ្លងកាត់ផ្លូវជាតិលេខ៦ក្នុងស្រុកសន្ទុកខេត្តកំពង់ធំ បានឲ្យដឹងថា ទោះបីពួកគេផ្ទុកលើសទម្ងន់ ឬមិនលើសទម្ងន់យ៉ាងណាក៏ដោយ ក៏ត្រូវតែបង់លុយតាមការកំណត់របស់ក្រុមមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តតាមបណ្ដោយផ្លូវជាតិលេខ៦ក្នុងភូមិត្រើយម្យ៉ាម ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំនោះដែរ។
ក្រុមឈ្មួញនិងអាជីវករមួយចំនួនបានអះអាងថាពួកគាត់ដឹកជញ្ជូនទំនិញឬកសិផលផ្សេងៗ ដោយគោរពតាមច្បាប់កំណត់ក៏នៅតែចៀសមិនផុតពីបង់លុយ ឲ្យក្រុមមន្ត្រីពុករលួយ ប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត ក្នុងភូមិត្រើយម្យ៉ាម នោះឡើយ។
ហេតុនេះហើយទើបមានការអំពាវនាវឲ្យលោក ងួន រតនៈអភិបាលខេត្តកំពង់ធំថ្មី ក៏ដូចជាលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ចាត់វិធានការទប់ស្កាត់អំពើពុករលួយរបស់ប្រធានជញ្ជីងថ្លឹងរថយន្តស្រុកសន្ទុកនិងក្រុមមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តភូមិត្រើយម្យ៉ាមជាបន្ទាន់ ។
ប្រភពពីមន្ត្រីក្នុងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ធំបានឲ្យដឹងថា ការដែលក្រុមមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តលើផ្លូវជាតិលេខ៦ក្នុងស្រុកសន្ទុកគាបយកលុយពីឈ្មួញនិងអាជីវករតាមអំពើចិត្តគឺមានការឃុបឃិតបើកដៃពីមន្ត្រីធំៗ នៅខាងលើផងដែរ។
ជាការពិត ឈ្មួញមួយចំនួនបានប្រើប្រាស់រថយន្តយីឌុបធំៗ រថយន្តសណ្ដោងកន្ទុយសណ្ដោងរ៉ឺម៉កផ្ទុកទំនិញលើសទម្ងន់ បើកបរឆ្លងកាត់មុខមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តដោយគ្មានការព្រួយបារម្ភ ផ្ទុយទៅវិញមន្ត្រីទាំងនោះ គ្រាន់តែតម្រូវឲ្យម្ចាស់រថយន្តធំៗដឹកជញ្ជូនទំនិញលើសទម្ងន់បង់លុយតាមការកំណត់ គឺជាការស្រេចដោយមិនខ្វល់ពីរឿងរថយន្តទាំងនោះធ្វើឲ្យខូចផ្លូវខូចស្ពាន ។
បើតាមការលើកឡើងពីប្រជាពលរដ្ឋរស់នៅក្នុងភូមិត្រើយម្យ៉ាមឃុំប្រាសាទស្រុកសន្ទុកបានឲ្យដឹងថាពេលរថយន្តធំៗដឹកទំនិញលើសទម្ងន់បើកបរឆ្លងកាត់មុខស្ថានីយ៍គឺតែងតែឃើញព្រូរថយន្តឬអ្នកបើកបររថយន្តរត់យ៉ាងប្រសេចប្រសាចទៅបង់លុយឲ្យប្រធានជញ្ជីងនឹងក្រុមមន្ត្រីប្រចាំស្ថានីយ៍តាមការកំណត់ដោយមិនអាចតវ៉ាបានទេ។
ប្រសិនបើឈ្មួញឬអាជីវករណាហ៊ានតវ៉ាប្រាកដជាត្រូវក្រុមមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តលើផ្លូវជាតិលេខ ៦ ក្នុងភូមិត្រើយម្យ៉ាម ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ រករឿងឲ្យរើទំនិញចុះឡើងតាមអំពើចិត្ត របស់ពួកគេជាមិនខាន ។
ហេតុនេះហើយទើបរថយន្តធំៗ ដឹកជញ្ជូនទំនិញលើសទម្ងន់រាប់តោនហូរហៀរខុសលក្ខណៈបច្ចេកទេសនៅតែអាចបើកបរលើផ្លូវជាតិលេខ៦យ៉ាងគគ្រឹកគគ្រេងបណ្ដោយឲ្យខូចផ្លូវខូចស្ពានជាបន្តបន្ទាប់ ។
បញ្ហានេះគឺជារឿងដែល លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន និងលោក សេង ឈួន ប្រធានជញ្ជីងទូទាំងប្រទេស មិនគួរមើលរំលងតទៅទៀតនោះទេព្រោះក្រុមជញ្ជីងថ្លឹងរថយន្តលើផ្លូវជាតិលេខ៦ ក្នុងស្រុកសន្ទុកកំពុងក្លាយទៅជាជញ្ជីងថ្លឹងលុយតែម្យ៉ាងគត់ ។