ព័ត៌មានជាតិ

អនុប្រធានទី១ព្រឹទ្ធសភា ទទួលជួបពិភាក្សាការងារជាមួយប្រធានក្រុមប្រឹក្សា​សេដ្ឋកិច្ច និងសង្គម ចិន

ឯកឧត្តម ប្រាក់ សុខុន អនុប្រធានទី១ព្រឹទ្ធសភា បានទទួលជួប និង​ពិភាក្សា​ការងារ​ជាមួយ​នឹង​ឯកឧត្តម Zhang Qingli ប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម នៃសាធារណរដ្ឋប្រជាមានិតចិន និង​ជា​អនុប្រធានគណៈកម្មាធិការជាតិ សភាប្រឹក្សានយោបាយប្រជាជនចិនអាណត្តិមុន ក្នុង​ឱកាស​ដែល​ឯកឧត្តមអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤។

ក្នុងជំនួបនោះ កាលពីល្ងាចថ្ងៃទី២៣ ខែមែសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ សុខុន បាន​កត់​សម្គាល់​​ដោយ​ពេញចិត្តថា ទស្សនកិច្ចជាផ្លូវការរបស់គណៈប្រតិភូនៅកម្ពុជានាពេលនេះ ស្រប​ពេល​គ្នា​នឹង​ដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តម វ៉ាង យី រដ្ឋមន្រ្តីការបរទេស នៃសាធារណ​រដ្ឋ​ប្រជា​មានិតចិន ដោយដំណើរទស្សនកិច្ចរបស់គណៈប្រតិភូទាំងពីរ ពិតជាបាន​រួម​ចំណែក​ដ៏​សំខាន់​ក្នុង​ការពង្រឹងពង្រីកនូវចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេស និង​សភាទាំងពីរ ឱ្យកាន់តែរឹងមាំស៊ីជម្រៅថែមទៀត ។

ឯកឧត្តម ប្រាក់ សុខុន បានគូសបញ្ជាក់អំពីការគាំទ្រដ៏សំខាន់របស់ប្រទេសចិន ចំពោះ​ប្រទេស​កម្ពុជា ក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ “ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ” និង​ការ​កសាងសហគមន៍វាសនារួម កម្ពុជា-ចិន ក្នុងយុគ្គសម័យថ្មី ហើយឆ្នាំ២០២៤នេះ គឺ​ជា​ឆ្នាំ​ផ្លាស់​ប្តូរ​រវាង​ប្រជាជន និងប្រជាជនកម្ពុជា និងចិន ដោយសង្ឃឹមថា តាមរយៈព្រឹត្តិការណ៍នេះ ទេសច​រ​ចិ​​ននឹងមកទស្សនាប្រទេសកម្ពុជាកាន់តែច្រើន។

ឯកឧត្តម ប្រាក់ សុខុន បានអបអរសាទរចំពោះប្រទេសចិនដែលសម្រេចបានកំណើនសេដ្ឋកិច្ច ៥,៣​ភាគរយ ក្នុងត្រីមាសទី១ ឆ្នាំ២០២៤នេះ និងអបអរ​សាទរ​នូវ​ជោគ​ជ័យ​នៃ​រៀបចំ​មហា​សន្និបាត​សភាចិនទាំងពីរ កាលពីខែមីនា ឆ្នាំ២០២៤កន្លងទៅនេះ និងជឿជាក់ថា ក្រោម​ការ​ដឹក​នាំ​រ​បស់ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង ប្រទសចិន​នឹង​បន្ត​សម្រេច​ផែនការ​ទំនើប​កម្ម​ចិន​គ្រប់​វិស័យ ជាពិសេសឈានទៅសម្រេចគោលដៅ១០០ ឆ្នាំទី១នៅឆ្នាំ២០៤៩ ក្នុងការ​ប្រែក្លាយ​ប្រទេស​ចិនទៅជាប្រទេសសង្គមនិយមទំនើប រុងរឿង ខ្លាំងក្លា វប្បធម៌ជឿនលឿន និង​សុខ​ដុមរមនា។

អនុប្រធានទី១ព្រឹទ្ធសភា បានថ្លែងអំណរគុណដល់ប្រទេសចិន ដែលបានគាំទ្រ​ប្រទេស​កម្ពុជា​ក្នុង​ការ​ជ្រើសរើសមាគ៌ាអភិវឌ្ឍន៍ដែលស្របនឹងលក្ខខណ្ឌជាតិ និងសូមអរគុណ​ចំពោះ​ជំនួយ​ដ៏​ថ្លៃថ្លា​របស់​រដ្ឋាភិបាល និងប្រជាជនចិន ដែលបានរួមវិភាគទានយ៉ាងធំធេងក្នុងការស្តា និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច សង្គមកម្ពុជា ឱ្យមានការរីកចម្រើន។ ជាងនេះទៅទៀត ឯកឧត្តម​បាន​សម្តែង​នូវ​សេចក្តី​រីករាយដែលឃើញទំនាក់ទំនង មិត្តភាព និងកិច្ចសហ​ប្រតិបត្តិការ​ដ៏​ល្អ​ប្រពៃ​រវាង​ប្រទេស​ទាំង​ពីរ មានការរីកចម្រើនពីដំណាក់កាលមួយទៅដំណាក់កាលមួយ ។

ឯកឧត្តម ប្រាក់ សុខុន បានបញ្ជាក់​អំពី​ជំហរ​ដ៏ម៉ឺងម៉ាត់​របស់​កម្ពុជា​ចំពោះ​គោល​នយោបាយ​ចិន​តែ​មួយ​ និងការបន្តជួយគ្នាទៅវិញទៅមក ឈរលើស្មារតីនៃការគោរពឯករាជ្យ អធិបតេយ្យ និង​បូរណភាពទឹកដីទៅវិញទៅមក ។

ក្នុងឱកាសនោះដែរ ឯកឧត្តម Zhang Qingli បានសម្តែងនូវសេចក្តីរីករាយថា នេះលើក​ទី​១​ហើយ ដែលឯកឧត្តមបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ប៉ុន្តែ​មាន​អារម្មណ៍ជិតស្និទដូចជាស្គាល់មិត្តភក្តិទាំងអស់យូរហើយ ។ ប្រទេស​ចិន​បាន​ចាត់​ទុក​ប្រទេស​កម្ពុជា​ជា​អ្នកជិតខាងល្អ ជាមិត្តភក្តិពិតប្រាកដ ហើយប្រទេស​ទាំង​ពីរ​បាន​បង្កើត​ទំនាក់​ទំនង​ការ​ទូត​តាំង​ពី​យូរលង់ណាស់មកហើយ ដោយ ប្រកាន់ខ្ជាប់នូវការគោរពគ្នាទៅវិញទៅមក ជឿទុក​ចិត្ត​គ្នា គាំទ្រគ្នាទៅវីញទៅមក និងបានបង្កើតគំរូនៃការរួមរស់ដោយស្មើភាពគ្នារវាងប្រទេសធំ និង​ប្រទេស​តូច ព្រមទាំងបង្កើតកិច្ចសហប្រតិបត្តិការឈ្នះឈ្នះ សម្រាប់ប្រទេស និងប្រជាជន​ទាំង​ពីរ​។

ឯកឧត្តម Zhang Qingli បានគូសបញ្ជាក់ថា ក្រោមការ​ចង្អុល​បង្ហាញ​ជា​យុទ្ធសាស្ត្រ​របស់​ឯកឧត្តម​ប្រធានាធិបតី ស៊ី ជីនពីង និងថ្នាក់ដឹកនាំកម្ពុជា ប្រទេសទាំង​ពីរ​បាន​ខិតខំ​ប្រឹងប្រែង​កសាង​សហគមន៍វាសនារួមកម្ពុជា-ចិន ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និង​ស្តង់ដារ​ខ្ពស់​។ ប្រទេសទាំងពីរមានគោលដៅរួម បន្តមិត្តភាពជាប្រពៃណី អនុវត្តគោល​ដៅ​សំខាន់​តាម​មតិ​ឯកភាព​របស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ពង្រឹងកិច្ចសហប្រតិបត្តិការ “ភាពជាដៃគូយុទ្ធ​សាស្រ្ត​គ្រប់​ជ្រុង​ជ្រោយ” និងការកសាងសហគមន៍វាសនារួម កម្ពុជា-ចិន ក្នុងយុគសម័យថ្មី ដើម្បីទទួល​បាន​សមិទ្ធផលកាន់តែច្រើន ។

ក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាគ្នាយ៉ាងជិតស្និទ្ធ និងស៊ីជម្រៅអំពីការ​ពង្រឹង​ពង្រីក​ចំណង​មិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងសភានៃប្រទេសទាំងពីរ ៕

Leave a Reply

Your email address will not be published.