ប្រភពព័ត៌មានបានបញ្ជាក់ឲ្យដឹងថា លោក អ៊ុក គឹមកណ្ណិកា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកភ្នំដិន ប្រើកូនចៅឲ្យបើកបារាស់យកលុយពីជនជាតិវៀតណាមចូល ដោយសេរី ។ គេរាយការណ៍ថា បណ្ដាជនជាតិវៀតណាមដែលចូលមកទឹកដីកម្ពុជាតាមច្រកព្រំដែនភ្នំដិន ក្នុងស្រុកគិរីវង់ខេត្តតាកែវ ជារៀងរាល់ថ្ងៃ មិនចាំបាច់មានឯកសារអ្វីសំខាន់នោះទេ គឺបង់តែលុយឲ្យពួកមន្ត្រីនគរបាលអន្តោ ប្រវេសន៍ គឺជាការស្រេច។ ជាក់ស្តែងអ្នកលក់ឆ្នោត ជន ជាតិវៀតណាមនៅតែបន្តលក់ឆ្នោត ពេញក្រុងដូនកែវខេត្តតាកែវ រាល់ថ្ងៃ បើទោះបីជាចៅហ្វាយខេត្ត ធ្លាប់បានហាមប្រាមក៏ដោយ មានន័យថា ជនជាតិវៀតណាម ចូលមកស្រុកខ្មែររាល់ថ្ងៃនេះគឺគ្រាន់តែបង់លុយឲ្យមន្ត្រីនៅច្រកព្រំដែនជាការស្រេច។ ច្រកព្រំដែនស្រុកគីរីវង់មានលោក អ៊ុក គឹមកណ្ណិកា មេប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ប្រចាំការ។
ចៅហ្វាយខេត្តតាកែវ លោកបានចេញបញ្ជាមិនអនុញ្ញាតឲ្យមានជនជាតិវៀតណាម លក់ឆ្នោតកន្ទុយ លេខ សន្លឹកឆ្នោតផ្សងសំណាង នៅក្នុងមូលដ្ឋានខេត្តតាកែវនោះទេ។ ប៉ុន្តែជាក់ស្ដែងសព្វថ្ងៃនេះ គេនៅតែឃើញជនជាតិវៀតណាមតើលក់ឆ្នោតពេញ ទីប្រជុំជននានាក្នុងខេត្តតាកែវ ។
និយាយរួមទៅ លោកមេប៉ូលីសច្រកព្រំដែនមិនខ្លាចនរណាទាំងអស់ ប្រហែលជាលោកមានខ្នងបង្អែកធំជាង ចៅហ្វាយខេត្តឬ ក៏សំដីថ្វាយខេត្តគ្រាន់ជាសំឡេងទូរសព្ទតាមខ្យល់? ការមិនខ្លាចច្បាប់ ទម្លាប់របស់មន្ត្រីនគរបាលរូបនេះ ត្រូវគេមើលឃើញថា ដោយសារលោកអាងខ្នងបង្អែកធំជាង ថ្នាក់ដឹកនាំខេត្ត តាកែវ។ ដូច្នេះហើយបានជាមន្ត្រីមានសមត្ថកិច្ចនានានៅច្រកព្រំដែនភ្នំដិន អំពាវនាវឲ្យក្រសួងមហាផ្ទៃចុះស៊ើបអង្កេតដោយផ្ទាល់ ។ ក្រៅពីបញ្ហាការចេញ,ចូល ដោយសេរីនៃបណ្តាជនជាតិវៀតណាម ដែលជាប្រភពចំណូលប្រចាំថ្ងៃនោះក៏មានក្រុមដែលរកស៊ីដឹកទំនិញឆ្លងដែន ពីប្រទេសវៀតណាមចូលកម្ពុជាបានឲ្យដឹងថា អំពើពុករលួយរបស់លោកអ៊ុក គឹមកណ្ណិកា មេប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកព្រំដែនភ្នំដិន ស្រុកគីរីវង់ កំពុងជិះសេះលែងដៃ ដោយមិនខ្លាច ញញើតនឹងថ្នាក់ដឹកនាំខេត្ត ឬក្រសួងមហាផ្ទៃនោះទេ។
ភាពស្ងប់ស្ងាត់របស់លោក ស្នងការដ្ឋាននគរបាលខេត្តតាកែវព្រមទាំង លោក វី សំណាង អភិបាលខេត្តតាកែវ ទើបឡើងកាន់តំណែងថ្មីៗ ធ្វើមិនដឹង មិនឮ ចំពោះអំពើពុករលួយ របស់លោក នាយប៉ុស្តិ៍ច្រកនេះ បើទោះបីជាក្រុម អ្នករកស៊ីដឹកទំនិញឆ្លងកាត់ច្រក ព្រំដែនធ្លាប់តវ៉ា និងបញ្ចេញប្រតិកម្មច្រើន ដងមកហើយក៏ដោយ។
ប្រភពរាយការណ៍ថា ដូចតាមទម្លាប់លោកនាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកព្រំដែនភ្នំដិន មិនសូវបង្ហាញមុខនៅកន្លែងធ្វើការទេ ដោយមានតែកូនចៅចាំយកលុយពីការចេញចូលរបស់ជនជាតិវៀតណាមនិងរថយន្តដឹកទំនិញឆ្លងកាត់ចេញ-ចូលតែប៉ុណ្ណោះ ជាងនេះទៅទៀត មន្ត្រីនគរបាលដែលប្រចាំការនៅទីនោះភាគច្រើនជួលជនស៊ីវិលឲ្យចាំទទួលយកលុយរថយន្តដឹកទំនិញចេញ,ចូល ពីព្រោះអស់លោកខ្លាចមានបញ្ហាជាយថាហេតុណាមួយកើតឡើង។
យ៉ាងណាក៏ដោយ ឈ្មួញមិនអាចគេចឬលួចឆ្លងដែន ដោយមិនប្រាប់មន្ត្រីនគរបាល និង លោក អ៊ុក គឹមកណ្ណិកា បាននោះទេ អ្នកអាចគេចបានម្ដងពីកណ្តាប់ដៃ មន្ត្រីនគរបាលប្រចាំច្រកនេះ អ្វីដែលជាបញ្ហាប្រឈមកំពុងកើតឡើងនោះគឺគេតែងតែសង្កេតឃើញបណ្ដាជនវៀតណាមចេញ ចូល ឆ្លងកាត់ច្រកព្រំដែនភ្នំដិនដោយសេរី រីឯសមត្ថកិច្ចពាក់ព័ន្ធ គ្រប់គ្រងដោយ លោក អ៊ុក គឹមកណ្ណិកា មិនមានការត្រួតពិនិត្យឲ្យបានហ្មត់ចត់នោះឡើយ ៕