ខេត្តព្រៃវែង ៖ ប្រភពពីមន្ត្រីគយនៅខេត្តព្រៃវែង បានឲ្យដឹងថា ក្រោយពេលដែលទទួលតំណែងជាប្រធានសាខាគយខេត្តព្រៃវែង កាលពីរសៀលថ្ងៃទី06 ខែកក្កដា ឆ្នាំ2020 រហូតមកដល់បច្ចុប្បន្ននេះ គឺលោក មួង ដារ៉ា ប្រើតួនាទី និងអំណាចប្រមូលលុយតាមរបៀបពុករលួយ ច្រើនរូបភាពដោយគ្មានញញើត អង្គភាពប្រឆាំងអំពេីពុករលួយឡេីយ។
រឿងអាស្រូវពុករលួយរបស់លោក មួង ដារ៉ា ប្រធានសាខាគយខេត្តព្រៃវែង ត្រូវបានលាតត្រដាងជាបន្តបន្ទាប់ ក៏លោក គុណ ញឹម អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សម្ងំស្ងាត់ឈឹងតែម្ដង។
បច្ចុប្បន្ននេះលោក មួង ដារ៉ា បើកដៃឲ្យមេៗគយតាមច្រកព្រំដែនក្នុងភូមិសាស្ត្រខេត្តព្រៃវែង ប្រមូលលុយតាមរបៀបពុករលួយ យ៉ាងពេញបន្ទុក ដោយសារតែអាងមានខ្នងបង្អែករឹងមាំនៅពីក្រោយ ចាំជួយបិទបាំង។
ទន្ទឹមនឹងនេះករណីលោក ហង្ស វណ្ណ ប្រធានការិយាល័យគយច្រកទ្វារព្រំដែនបន្ទាយចក្រី ស្រុកព្រះស្ដេច បើកដៃឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់យ៉ាងពេញបន្ទុក ក៏មានការឃុបឃិតពីសំណាក់លោក មួង ដារ៉ា មេគយខេត្តព្រៃវែង ទេីបក្រុមឈ្មួញហ៊ានធ្វេីអ្វីៗស្រេចតែចិត្ត។
ក្រុមឈ្មួញនិងអាជីវករ ដឹកជញ្ជូនទំនិញ ចេញពីស្រុកយួន តាមច្រកទ្វារភាគីព្រំដែនបុសមន ឆ្លងកាត់មុខស្នាក់ការសាខាគយខេត្តព្រៃវែង បណ្តោយផ្លូវជាតិលេខ១ ភូមិព្រៃខ្លា ឃុំកំពង់សឹង្ហ ស្រុកព្រះស្ដេច ខេត្តព្រៃវែង បានបញ្ជាក់ឲ្យដឹងថា ទោះបីពួកគាត់ដឹកជញ្ជូនទំនិញ បង់ពន្ធនាំចូលគ្រប់ចំនួន ក៏ចៀសមិនផុត ពីបង់លុយក្រោមតុ លេីតុ តាមការកំណត់របស់ លោក មួង ដារ៉ា ផងដែរ។
មេឈ្មួញតូចធំ ដែលដឹកជញ្ជូនទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ ឆ្លងកាត់ខេត្តព្រៃវែងតាមបណ្តោយផ្លូវជាតិលេខ១ ចូលទៅរាជធានីភ្នំពេញ គឺជាប្រភពចំណូលដ៏ធំ របស់លោក មួង ដារ៉ា មេគយខេត្តព្រៃវែង ដែលកំពុងល្បីល្បាញខ្លាំងខាងពុករលួយ យ៉ាងពេញទំហឹង។
ហេតុនេះ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មិនគួរមើលរំលងតទៅទៀតនោះទេ ព្រោះអំពើពុករលួយរបស់លោក មួង ដារ៉ា មេគយខេត្តព្រៃវែង និងមន្ត្រីក្រោមឱវាទ សម្ងំស្ងាត់ឈឹង ចែកគ្នាធ្វើមានធ្វើបាន ដាក់លុយក្នុងហោប៉ៅ មិនខ្វល់ពីការរិះគន់អ្វីទាំងអស់៕