ព័ត៌មានជាតិ

អង្គភាពប្រឆាំងអំពើពុករលួយ និងក្រសួងមហាផ្ទៃ គួរដាក់មន្រ្តីជំនាញ ចុះស្រាវជ្រាវស៊ើបអង្កេតករណី លោក អ៊ុក គឹមកណ្ណិកា មេប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកភ្នំដិន ដែលល្បីរឿងពុករលួយ តាមរបៀបជិះសេះលែងដៃ !

ល្មមដល់ពេលក្រសួងមហាផ្ទៃស៊ើបអង្កេតករណី លោក អ៊ុក គឹមកណ្ណិកា មេប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកភ្នំដិន ដែលល្បីរឿងពុករលួយនោះ ហើយករណីលោក អ៊ុក គឹមកណ្ណិកា មេប៉ុស្តិ៍នគរបាលអន្តោនប្រវេសន៍ច្រកភ្នំដិន ក្នុងស្រុកគិរីវង់ ខេត្តតាកែវ ដែលល្បីរឿងពុករលួយ យូរៗឆ្នាំមកហើយនោះ ល្មមដល់ពេលថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ចុះស៊ើបអង្កេតត្រួតពិនិត្យហើយ ពីព្រោះបើរង់ចាំអាជ្ញាធរថ្នាក់ខេត្ត គឺមិនអាចទៅរួចទេ។

អំពើពុករលួយ របស់លោក មេប៉ុស្តិ៍អន្តោប្រវេសន៍ច្រកភ្នំដិន គឺល្បីល្បាញជាយូរណាស់មកហើយ តាមរយៈការបណ្ដោយឃុបឃិតឲ្យមន្ត្រី ក្រោមឱវាទប្រព្រឹត្តទង្វើផ្ដេសផ្ដាសជួនកាលដើរតួនាទីជាគយទៀតផង។

បើតាមការសង្កេត និងយោងតាមប្រភពនានាឲ្យដឹងថាទាំងចៅហ្វាយខេត្តលោក អ៊ូច ភា ទាំងស្នងការនគរបាលខេត្តតាកែវ លោក ឈាង ផាន់ណារា កាន់តែផ្ដល់ឱកាសឲ្យលោក អ៊ុក គឹមកណ្ណិកា មេប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកព្រំដែនភ្នំដិន ស្ថិតក្នុងស្រុកគិរីវង់ ប្រព្រឹត្តអំពើពុក រលួយ ដោយគ្មានញញើតច្បាប់ទម្លាប់។ មានន័យថា ជាការប្រព្រឹត្តអំពើមិនគប្បី ដោយមិនខ្លាចនរណាសោះទេ។

ភាពមិនខ្លាចច្បាប់ទម្លាប់របស់មន្ត្រីនគរបាលរូបនេះ ត្រូវគេមើលឃើញថា ដោយសារលោក អាងខ្នងបង្អែកជា ថ្នាក់ដឹកនាំខេត្តតាកែវ។ ដូច្នេះហើយបានជា មន្ត្រីមាន សមត្ថកិច្ចនានានៅច្រកព្រំដែនភ្នំដិន អំពាវនាវឲ្យក្រសួង មហាផ្ទៃចុះស៊ើបអង្កេតដោយផ្ទាល់។

ក្រុមដែលរកស៊ីដឹកទំនិញឆ្លងដែន ពីប្រទេសវៀតណាមចូលកម្ពុជាបានឲ្យដឹងថា អំពើពុករលួយរបស់លោក អ៊ុក គឹមកណ្ណិកា មេប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកព្រំដែនភ្នំដិន
ស្រុកគីរីវង់ កំពុងជិះសេះលែងដៃ ដោយមិនខ្លាចញញើតនឹងថ្នាក់ដឹកនាំខេត្ត ឬក្រសួងមហាផ្ទៃនោះទេ។ លោក ឈាង ផាន់ណារា ស្នងការនគរបាលខេត្តតាកែវ ក៏ដូចជា លោក អ៊ូច ភា អភិបាលខេត្តតាកែវ ធ្វើមិនដឹង មិនឮ ចំពោះអំពើពុករលួយរបស់លោកនាយប៉ុស្តិ៍ម្នាក់នេះ។

ភាពស្ងៀមស្ងាត់របស់លោក ស្នងការដ្ឋានខេត្តតាកែវ ក៏ដូចជាលោក អភិបាលខេត្តតាកែវ នាំឲ្យពលរដ្ឋ មន្ត្រីរាជការ មានមន្ទិលថា លោកស្នងការខេត្ត និងចៅហ្វាយខេត្តទទួលបានលាបសក្ការៈ ពីលោក អ៊ុក គឹមកណ្ណិកា នេះហើយបានជាបិទភ្នែកធ្វើមិនដឹងមិនឬអ្វីទាំងអស់។

ប្រភពរាយការណ៍ថា ដូចតាមទម្លាប់លោក នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកព្រំដែនភ្នំដិន មិនសូវបង្ហាញមុខនៅកន្លែងធ្វើការទេ ដោយមានតែកូនចៅចាំយកលុយពី
រថយន្តដឹកទំនិញឆ្លងកាត់ចេញ-ចូលតែ ប៉ុណ្ណោះ។

ជាងនេះទៅទៀត មន្ត្រីនគរបាលដែលប្រចាំការនៅទីនោះភាគច្រើនជួលជនស៊ីវិលឲ្យចាំទទួលយកលុយរថយន្តដឹកទំនិញចេញ,ចូល ពីព្រោះអស់លោកខ្លាចមានបញ្ហាជាយថាហេតុណាមួយកើតឡើង។ យ៉ាង ណាក៏ដោយ ឈ្មួញមិនអាចគេចឬលួចឆ្លងដែន ដោយមិនប្រាប់មន្ត្រីនគរបាលឬលោកអ៊ុក គឹមកណ្ណិកា បាននោះឡើយ។ អ្នកអាចគេចបានម្ដងពីកណ្តាប់ដៃ មន្ត្រីនគរបាលក្រុមលោក អ៊ុក គឹមកណ្ណិកា ប៉ុន្តែមិនអាចគេចបានមួយជីវិតនោះឡើយ។

ប្រភពឲ្យដឹងថា តាមទម្លាប់មន្ត្រីនគរបាលប្រចាំនៅច្រក ព្រំដែនភ្នំដិន ក្រោមការដឹកនាំលោក អ៊ុក គឹមកណ្ណិកា មិនត្រួតពិនិត្យទំនិញនាំចូលឱ្យបានហ្មត់ចត់នោះឡើយ
គឺមើលតែលុយជាការស្រេច។ ជាងនេះទៅទៀត បើមានបទបញ្ជាពីលោក នាយប៉ុស្តិ៍ច្រកភ្នំដិន ឲ្យយកលុយថ្លៃបាយទឹកហើយទៀតនោះ ពួកមន្ត្រីនគរបាលតូចតាចដែលប្រចាំការនៅច្រកភ្នំដិននោះ មិនយកភ្នែកមើលរថយន្តដឹកទំនិញខុសច្បាប់ ដូចជាសាច់បង្កកនិងគ្រឿងសមុទ្រខូចគុណភាពផង។

ពីព្រោះថា ពួកថៅកែទំនិញខូចគុណភាពទាំងនោះបានទាក់ទងជាមួយលោក អ៊ុក គឹមកណ្ណិការ មុនរួចជាស្រេចទៅហើយ។ ទំនិញខូច គុណភាពនិងទំនិញអត់ពន្ធ សុទ្ធតែត្រូវទាក់ទងជាមួយមេប៉ូលិសជាមុន។ រីឯអ្នករកគ្រោះជាងគេ គឺប្រជាពលរដ្ឋស៊ីឈ្នួលដឹកទំនិញកំប៉ិចកំប៉ុក។

អ្វីដែលជាបញ្ហាប្រឈមកំពុងកើតឡើងនោះគឺគេតែងតែសង្កេតឃើញបណ្ដាជនវៀតណាមចេញ ចូល ឆ្លងកាត់ច្រកព្រំដែនភ្នំដិនដោយសេរី រីឯសមត្ថកិច្ចខាង លោក អ៊ុក
គឹមកណ្ណិកា មិនមានការត្រួតពិនិត្យឲ្យបានហ្មត់ចត់នោះឡើយ។

គេមិនដឹងថា តើបណ្ដាជនវៀតណាមចូលស្រុក ខ្មែរមានបំណងអ្វីនោះផងទេ។ ជនវៀតណាមទាំងនោះ ចូលមកជួនកាលលក់ឆ្នោត ដល់កណ្ដាលក្រុងដូន កែវផងក៏មាន។
រីឯក្រុមមន្ត្រីអន្តោប្រវេសន៍ ប្រចាំការនៅច្រកព្រំដែនអង្គុយស្ងៀមឈឹង បណ្ដែតបណ្ដោយឲ្យជនអន្តោប្រវេសន៍ ឆ្លងដែនតាមអំពើចិត្ត។ មានន័យថា ពួកគេមិនរវល់ចំពោះ បញ្ហាជនអន្តោប្រវេសន៍ឆ្លងដែននោះទេ ពោលគឺឲ្យតែហុចលុយចប់បញ្ហា។

មជ្ឍដ្ឋាននានាបានចោទសួរថា តើទំនិញខូចគុណភាពទាំងនេះឆ្លងដែនកាត់មុខប៉ុស្តិ៍ច្រកព្រំដែនភ្នំដិន បានយ៉ាងដូចម្ដេច បើសមត្ថកិច្ចនគរបាលព្រោងព្រាតនៅទីនោះ? ដូច្នេះបើគ្មានការឃុបឃិតជាមួយលោក អ៊ុក គឹមកណ្ណិកា
ទេនោះ គឺពិតជាមិនអាចឆ្លងព្រំដែនបានឡើយ។ ករណីនេះគេរំពឹងថា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ពិនិត្យមើលករណីលោក អ៊ុក គឹមកណ្ណិកា នេះផង។

Leave a Reply

Your email address will not be published.